រំភើបជំនួស ! ផ្ទះជញ្ជាំងស្លឹកស្ទើរធ្លុះធ្លាយ តែឪពុកម្តាយ ប្រឹងប្រែងធ្វើការយ៉ាងលំបាក ឲ្យកូនទំាង ២ បានរៀនដល់ចប់ សាកលវិទ្យាល័យ ដល់ថ្នាក់ ធ្វើឲ្យ ចែដាណា ទប់ចិត្តលែងជាប់ហើយ…
មហាជននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នាផ្ទុះការសសើរព្រោងព្រាត ក្រោយយុវជនខ្មែរពីររូបបានបញ្ចប់ការសិក្សា និង ថ្លែងសេចក្ដីដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកមានគុណរបស់ខ្លួន ដែលលោកស្ថិតក្នុងជីវភាពមិនធូរធារ តែតស៊ូរ៉ាប់រងបន្ទុកឱ្យកូនបានបញ្ចប់ការសិក្សាទាំង ២ រូប គួរឱ្យគោរព និង ស្ញើចសរសើរបំផុត។
តាមរយៈសាមីខ្លួនដែលមានគណនីឈ្មោះ Man Soleak បានបង្ហោះនូវរូបភាពស្លៀកឈុតបញ្ចប់ការសិក្សា លុតជង្គង់ឱនសំពះដឹងគុណអ្នកមានគុណ ព្រមទាំងបានរៀបរាប់ថា ៖ «ជាថ្មីម្ដងទៀត កូនប្រុសទាំងពីរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឪពុក និង អ្នកម្ដាយ ដែលលះបង់គ្រប់បែបយ៉ាងសម្រាប់កូន
បើទោះបីជាលោកមានជីវភាពលំបាក ក៏លោកនៅតែជំរុញ និង លើកទឹកចិត្តឱ្យកូនៗខិតខំប្រឹងរៀន ហើយអ្វីដែលកូនចងចាំមិនភ្លេចនោះគឺ លោកឪពុក និង អ្នកម្ដាយតែងតែប្រាប់កូនថា ពុកម៉ែមិនបានរៀនពុកម៉ែលំបាក តែពុកម៉ែមិនចង់ឱ្យកូនលំបាក និង មិនបានរៀនដូចជាពុកម៉ែនោះទេ។ កូនៗពិតជាមានសំណាងខ្លាំងណាស់
ដែលបានកើតមកជាកូនរបស់លោកទាំងពីរ ហើយក្រៅពីនេះទៅទៀត នៅមានផ្ទះដ៏កម្សត់មួយនេះទៀត ដែលតែងតែផ្ដល់ជាជម្រក និង ភាពកក់ក្ដៅសម្រាប់កូនគ្រប់គ្នា»។ទន្ទឹមនឹងនេះ យុវជនដែលជាម្ចាស់គណនីខាងលើ បានបង្ហាញពីទស្សនៈរបស់លោកឪពុក និង អ្នកម្ដាយរបស់ខ្លួន ដែលតែងតែប្រាប់គេថា ៖
«ដោយសារតែភាពក្រីក្រ និង ចង់ឱ្យកូនមានចំណេះដឹង ទើបពុកម៉ែជំរុញ និង លើកទឹកចិត្តឱ្យកូនៗខិតខំប្រឹងរៀន» ដើម្បីមានចំណេះដឹង ក្នុងការជួយសង្គមគ្រួសារ ក៏ដូចជាប្រទេសជាតិផងដែរ។ដូច្នេះហើយ យុវជនខាងលើបានបន្តលើកទឹកចិត្ត ឱ្យប្អូនៗជំនាន់ក្រោយដែលជាធនធាន និង ជាសរសរទ្រូងប្រទេសជាតិ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានច្រើន៕
ចែដាណា ចិត្តធម៌រូបនេះ បានភ្ជាប់សារខ្លីមួយថា “ផ្ទះជញ្ជាំងស្លឹកស្ទើរធ្លុះធ្លាយ តែកូនប្រុសទាំង២ អាចរៀនចប់នៅសាកលវិទ្យាល័យ សរសើរការតស៊ូរបស់ប្អូនទាំង២ រឹតតែរំភើបចិត្ត ការលះបង់របស់ឪពុកម្ដាយ ពួកគាត់ ជីវិតកើតមក វាសនាខុសគ្នា តែយើងមិនមែនបែបនេះរហូតទេ។យើងអាចកែប្រែវាសនាបាន កុំផ្ដេកផ្ដួលទៅតាមភាពលំបាក ត្រូវតស៊ូជម្នះភាពលំបាក។ នៅពីក្មេង ខំប្រឹងរៀនសូត្រ ស្វែងរកចំណេះ ទើបអាចជួយខ្លួនឯង
គ្រួសារ និងសង្គមជាតិបាន។ ពេលវេលាសម្រាប់មនុស្សម្នាក់ៗ នឹងដើរកាន់តែលឿន នៅពេលពេញវ័យ ចេះគិត ចេះពិចារណា ប៉ុន្តែ បើទើបភ្ញាក់ខ្លួនពេលនោះ ក៏វារៀងជ្រុលពេលខ្លះទៅហើយដូចនេះកុំបណ្ដោយពេលវេលា អោយកន្លងហួសទៅ ត្រូវចាប់ផ្ដើមពីពេលនេះ ខ្ញុំពិតជាសរសើរ លោកពូ អ្នកមីង ទាំង២ ណាស់ ទោះក្រលំបាកយ៉ាងណា ក៏ម៊ប្រឹងដើម្បីកូនបានរៀនសូត្រខ្ពង់ខ្ពស់ ហើយលោកពូ អ្នកមីង ទាំង២ ក៏មានសំណាងខ្ពស់ បានកូនខំតស៊ូ មិនចុះចាញ់វាសនា នាងខ្ញុំលើកទឹកចិត្តគ្រួសារប្អូន 1000$ ចែករំលែកស្នាមញញឹមជាមួយគ្នា”។