ក្រោយឃើញកូនលេងហ្គីតា និងច្រៀងចម្រៀងរបស់ខ្លួន សាពូន មីដាដា ពោលយ៉ាងកំសត់ទៅកាន់កូនស្រីថា… (វីដេអូ)
រាជធានីភ្នំពេញ ៖ អតីតតារាចម្រៀងក្នុងផលិតកម្មហង្សមាស លោក សាពូន មីដាដា បានពោលពាក្យយ៉ាងកំសត់ទៅកាន់កូនស្រី និងបង្ហាញបំណងមិនចង់ឃើញកូនស្រីដើរលើវិថីសិល្បៈដូចជារូបលោកឡើយ។ជាមួយនឹងរូបភាពវីដេអូកូនស្រី សាពូន ដារ៉ាពិមាន បានលេងហ្គីតាបកស្រាយបទចម្រៀងរបស់ឪពុក ដែលមានចំណងជើងថា «ពុកអើយម៉ែអើយ» លោក សាពូន មីដាដា ក៏បានភ្ជាប់ជាមួយនឹងសំណេរយ៉ាងចាក់ដោតបង្ហោះលើគណនីហ្វេសប៊ុកថា
«កូនស្រីមាសឪពុក ច្រៀងចម្រៀងផ្ញើមកពុក ឲ្យពុកសណ្តាប់សម្រាន្តលក់ស្រួល កូនស្រីដ៏កំសត់របស់ពុក ឆាកជីវិតគឺកំសត់យ៉ាងនេះហើយ គ្រប់រសជាតិជីវិតនឹងជម្រុញឲ្យកូនកាន់តែរឹងមាំ តែរឿងមួយដែលពុកសុំបើអាច គឺមិនចង់ឲ្យកូនដើរលើផ្លូវសិល្បៈដូចឪពុកទេ»។លោកបញ្ជាក់ថា «៩ឆ្នាំហើយ ដែលពុកចាកចេញពីវិថីសិល្បៈដោយគ្មានស្តាយស្រណោះបន្តិចឡើយ ចូរកូនរស់ក្នុងជីវភាពដ៏សាមញ្ញមួយ ដោយយកព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ
ជាទីពឹងទីរលឹក រលាស់ខ្លួនចេញពីលោកីយ៍នេះ ទៅរកនិព្វានជាត្រើយសុខចុះកូន»។យ៉ាងណាតាមរយៈសារ និងរូបភាពដែលលោក សាពូន មីដាដា បានបង្ហោះខាងលើនេះ គេឃើញមានមហាជនជាច្រើនបានចូលទៅខំមិន ដោយមួយចំនួនហាក់មិនបានយល់ស្របនូវគោលបំណងរបស់លោកបែបនេះចំពោះកូនឡើយ។ ពួកគេយល់ថា ក្នុងនាមជាឪពុកគួរតែមានទំនួលខុសត្រូវចំពោះកូន ហើយជាអ្នកមានជំនាញសិល្បៈម្នាក់ផងនោះ គួរណាស់ខំបណ្តុះកូន
បើសិនកូនមាននិស្ស័យខាងសិល្បៈហើយនោះ។ជាការកត់សម្គាល់កូនស្រីរបស់លោក សាពូន មីដាដា និងអ្នកនាង សឿ សុធារ៉ា គឺកញ្ញា សាពូន ដារ៉ាពិមាន ក៏ធ្លាប់បានបង្ហាញការសម្តែងនៅខ្សែភាពយន្តនាពេលកន្លងមកដែរ។ កូនស្រីរបស់អ្នកទាំងពីរ ក៏មានដុងសិល្បៈផ្នែកចម្រៀងនេះផងដែរ
ដោយអាចចេះលេងឧបករណ៍ភ្លេងបានខ្លះ និងច្រៀងបានដូចជាលោក សាពូន មីដដា ទៀតផង។ក្រោយការសម្រេចចែកផ្លូវគ្នារវាងលោក សាពូន មីដាដា និងអ្នកនាង សឿ សុធារ៉ា នោះបច្ចុប្បន្នកូនស្រី និងកូនប្រុសកំពុងតែស្ថិតនៅក្រោមការមើលថែពីអ្នកនាង សឿ សុធារ៉ា ខណៈពេលអ្នកនាងកំពុងជួបការលំបាកផ្នែកជីវភាព ហើយម្តាយរបស់អ្នកនាងក៏ទើបតែទទួលមរណភាពកាលពីពេលថ្មីៗនេះផងនោះ៕