ឧកញ៉ា ស្រី ចាន់ថន បង្ហាញរូបរាងឡានទំនើបតម្លៃ ១៧ ម៉ឺនដុល្លារ លើកទឹកចិត្តកីឡាករខ្មែរ ដែលអាចយកឈ្នះប៊ូខាវ
នៅព្រឹកថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ ឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន បានបង្ហោះ Story នៅលើគណនីរបស់លោក ដោយបង្ហាញនូវរូបរាងរថយន្តពណ៌សដ៏ទំនើបមួយគ្រឿង ភ្ជាប់ជាមួយសារថា ៖ «ឡានថ្មីតម្លៃ ១៧ ម៉ឺនដុល្លារសម្រាប់លើកទឹកចិត្តដល់កីឡាករខ្មែរ ដែលយកឈ្នះប៊ូខាវ។ I Love Cambodia»។
ជាការពិត កាលពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៣ ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះ Story ផ្ទះវីឡា ព្រមទាំងភ្ជាប់ជាមួយពាក្យថា ៖ «ផ្ទះវីឡាតម្លៃ ២៧ ម៉ឺនដុល្លារ សម្រាប់ការលើកទឹកចិត្តកីឡាករខ្មែរយកឈ្នះកីឡាករ ប៊ូខាវ បាន»។ស្របគ្នានេះ លោកឧកញ៉ាក៏បានបញ្ជាក់នៅលើផេករបស់លោកដែរថា ៖
«ក្នុងនាមខ្ញុំបាទជាអនុប្រធានកិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ ខ្មែរក៏មានអ្នកខ្លាំងដែរ បើខ្មែរវ៉ៃ ប៊ូខៅ ឈ្នះ ឱ្យវីឡាមួយ ឡានមួយ និង ថវិកាបន្ថែមប្រចាំរយៈពេល ១០ ឆ្នាំ។ នេះជាការលើកទឹកចិត្តដល់កីឡាករខ្មែរ តស៊ូដើម្បីមាតុជាតិរបស់យើង I love Cambodia»។
សូមរំឭកផងដែរថា កាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ អ្នកកាសែតថៃ បានសួរសំណួរទៅកាន់ប៊ូខាវ ថា តើលោកមានការយល់ឃើញដូចម្តេចក្រោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ហើយប្តូរឈ្មោះវិញ្ញាសាប្រកួត Muay Thai ទៅជាគុនខ្មែរ? ភ្លាមៗនោះ ប៊ូខាវ ក៏បានឆ្លើយតបថា ៖
«គេមានសិទ្ធិយើងមិនអាចនិយាយអ្វីបានទេ ព្រោះវាជាសិទ្ធិគេ ត្រឹមលំដាប់អាស៊ីមិនបាច់និយាយទេ យើងទៅនិយាយពីអូឡាំពិកវិញ ស្រេចតែគេចុះ ចង់យកទៅណាក៏យកទៅ សំខាន់ថៃជាម្ចាស់ដើម របស់ថៃស្ថិតនៅលើលេខ ១ ស្រាប់ហើយ កុំទៅស្តាប់ កុំទៅខ្វល់អីរបស់យើងល្អមកយូរហើយ»៕