ប៊ូខាវ បង្ហោះសារថា មិនមានបញ្ហាជាមួយគុនខ្មែរ តែបែរជាសួររឿងលុយកាលពីប្រកួតនៅខ្មែរ…
កាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ កីឡាប្រដាល់ថៃ Buakaw Banchamek បានទៅចូលរួមក្នុងកម្មវិធីសម្ពោធរឿង Marvel Studios’ Ant-Man and Wasp : Quantumania ហើយបានផ្តល់បទសម្ភាសទៅកាន់អ្នកកាសែតដោយ
បង្ហាញអារម្មណ៍របស់ខ្លួនខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និង ដាក់វិញ្ញាសាគុនខ្មែរក្នុងការប្រកួត។អ្នកកាសែតថៃ បានសួរសំណួរទៅកាន់ Buakaw Banchamek ថា តើលោកមានការយល់ឃើញដូចម្តេចក្រោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមហើយប្តូរឈ្មោះវិញ្ញាសាប្រកួត Muay Thai
ទៅជាគុនខ្មែរ? ភ្លាមៗនោះ Buakaw Banchamek ក៏បានឆ្លើយតបថា ៖ «គេមានសិទ្ធិយើងមិនអាចនិយាយអ្វីបានទេ ព្រោះវាជាសិទ្ធិគេ ត្រឹមលំដាប់អាស៊ីមិនបាច់និយាយទេ យើងទៅនិយាយពីអូឡាំពិកវិញ ស្រេចតែគេចុះចង់យកទៅណាក៏យកទៅ សំខាន់ថៃជាម្ចាស់ដើម របស់ថៃស្ថិតនៅលើលេខ ១
ស្រាប់ហើយ កុំទៅស្តាប់ កុំទៅខ្វល់អីរបស់យើងល្អមកយូរហើយ»។ក្រោយពី កីឡារូបនេះបានលើកឡើងបែបនេះ បានធ្វើឱ្យមហាជនខ្មែរមួយចំនួនមានការមិនពេញចិត្ត និង ចូលទៅបញ្ចេញមតិប្រតិកម្មពាសពេញបណ្ដាញសង្គមហ្វេសប៊ុករបស់ Buakaw Banchamek។
ទន្ទឹមនឹងនោះ ងាកទៅមើល ឧកញ៉ា ស្រី ចាន់ថន ក្រោយពី Buakaw Banchamek និយាយបែបនោះ កាលពីថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅនេះ លោកបានបង្ហោះ Story ផ្ទះវីឡា ភ្ជាប់ជាមួយពាក្យថា ផ្ទះវីឡាតម្លៃ ២៧ ម៉ឺនដុល្លារ សម្រាប់ការលើកទឹកចិត្តកីឡាករខ្មែរយកឈ្នះកីឡាករ Buakaw Banchamek
បានផងដែរ។ងាកទៅមើលកីឡាករ Buakaw Banchamek បន្ទាប់ពីផ្ទុះកក្រើករឿង ឧកញ៉ា ស្រី ចាន់ថន ប្រកាសឧបត្ថម្ភលុយដល់អ្នកដែលអាចវាយឈ្នះលោកនោះ កីឡាករថៃរូបនេះ បានចេញមកបង្ហោះបន្ដថា ៖ «សម្រាប់លោកខ្លួនឯង មិនមានបញ្ហាជាមួយ គុនខ្មែរ ឬ ប្រជាជនកម្ពុជាឡើយ
ប៉ុន្តែមានរឿងមួយដែលដក់ជាប់ក្នុងចិត្ត គឺខ្ញុំសូមសំណូមពរដល់គណៈគ្រប់គ្រងប្រដាល់ប្រទេសកម្ពុជា មេត្តាជួយតាមដានថ្លៃប្រដាល់របស់ខ្ញុំនៅស្រុកខ្មែរផង កាលពីចូលរួមប្រកួត World fight tournament លើកចុងក្រោយ គឺនៅខ្វះលុយចំនួន ២.២ លានបាតទៀត។ ដូច្នេះក្នុងឱកាសនេះជួយអនុគ្រោះផងបាទ»៕