ឧកញ៉ា ស្រី ចាន់ថន ឧបត្ថម្ភថវិកា ១០លានរៀលអោយ ព្រំ សំណាង ដែលបានផ្ដួលកីឡាករអង់គ្លេសក្នុងទឹកទី១ នៅថៃហ្វៃ…
នាថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ ព្រំ សំណាង នឹងប្រកួតជាមួយជើងខ្លាំង Thomas ជនជាតិ អង់គ្លេស ជាគូទី៦ ហើយកម្មវិធីប្រកួត គឺចាប់ពីម៉ោង 5 ល្ងាចតទៅ នៅ សង្វៀន Thai Fight ជាលើកដំបូង សម្រាប់កីឡាករខ្មែររូបនេះ។ឆ្លៀតក្នុងឱកាស ដ៏កក្រើនេះ គេឃើញ អ្នកជំនួញធំៗ នៅក្នុងប្រទេសកម្ពុជាបានផ្តល់កំលាំងចិត្ត និងចូលរួមឧបត្ថម្ភ ថវិកា ដល់ ព្រំ សំណាង ជាហូរហែ និងមានចំនួនច្រើនណាស់។
យោងតាមការចុះផ្សាយពីគណនីហ្វេសប៊ុកផេកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ជាអនុប្រធាន កិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហោះសារ អបអរសាទរ ព្រំ សំណាង និងឧបត្ថម្ភថវិកាសរុប ១០លានរៀល ដែលបានយកឈ្នះកីឡាករអង់គ្លេស Thomas Carpenter ត្រឹមទឹកទី១នៅថៃហ្វៃ។
នៅក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ឧបត្ថម្ភថវិកាសរុប (10លានរៀល) សំរាប់លើកទឹកចិត្តដល់ ព្រំ សំណាង ដែលបានយកជ័យជម្នះជូនជាតិមាតុភូមិ អបអរសាទរ ព្រំ សំណាង ផ្ដួលដៃគូសន្លប់ទឹកទី១ នៅថៃហ្វៃ។ សាងកេរ្តិ៍ឈ្មោះ
និងលើកស្ទួយកិត្តិយសខ្មែរ។ អ្វីដែលសម្រេចបាន ត្រូវតែលើកតម្កើង ហើយអ្វីដែលមិនទាន់សម្រេចយើងនឹងបន្តប្រឹងប្រែង និងគាំទ្រ។ សូមទំនាក់ទំនងលេខក្រុមការងារបង 081 43 43 55/ 077 779 799 .” ៕