លើខ្សែក្រវ៉ាត់ Thai Fight ដែល ព្រំ សំណាង ឈ្នះ មានបាលីខ្មែរ ព័ត៌មានជាតិ ព្រះភិក្ខុ ហាក់ សៀងហៃ បកស្រាយបែបនេះ…
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ព្រឹត្តិការណ៍ដ៏អស្ចារ្យ កីឡាករគុនខ្មែរ ព្រំ សំណាង ប្រើពេលត្រឹមតែ ១នាទី៥៦វិនាទីប៉ុណ្ណោះ ដាក់មួយជង្គង់ស្ទើរបែកឆ្អឹងជំនី ផ្ដួលកីឡាករជនជាតិអង់គ្លេស Thomas Capenter ឲ្យសន្លប់ទឹកទី១ នៅសង្វៀនថៃហ្វៃ នាទីក្រុងបាងកក ប្រទេសថៃ។បន្ទាប់ពីការប្រកួតនេះបានបញ្ចប់
ក៏មានមហាជនជាច្រើនម៉ឺននាក់បានចូលរួមអបអរសាទរ កីឡាករគុនខ្មែរ ព្រំ សំណាង ដែលបានយកជ័យជម្នះជូនជាតិមាតុភូមិ ភ្លាមៗនោះក៏ឃើញមានការភ្ញាក់ផ្អើល និងកំពុងជជែកវែកញែកពេញបណ្ដាញសង្គមពាក់ព័ន្ធនឹងខ្សែក្រវ៉ាត់ដែលមានអក្សរបាលីខ្មែរ។ ក្នុងនោះយោងតាមគណនីហ្វេសប៊ុករបស់ ព្រះតេជគុណ ហាក់ សៀងហៃ ឈ្មោះថា “ពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា- BEC ” នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានបកស្រាយអត្ថន័យអក្សរបាលីខ្មែរ ដែលមាននៅលើខ្សែក្រវ៉ាតយ៉ាងដូច្នេះថា៖
-នមោ ពុទ្ធាយ ៖ សូមនមស្ការថ្វាយបង្គំចំពោះព្រះសម្មាសម្ពុទ្ធ
-ឧ អា ក ស៖
ឧ គឺ ឧដ្ឋានសម្បទាៈ ដល់ព្រមដោយការប្រឹងប្រែង
អា គឺ អារក្ខសម្បទាៈ ដល់ព្រមដោយការថែរក្សា
ក គឺ កល្យាណមិត្តតាៈ មានមិត្តល្អ
ស គឺ សមជីវិតាៈ ចិញ្ចឹមជីវិតដោយស្មើ (ចេះចាយវាយ ទុកដាក់)។
គិតជាវិជ្ជមាន៖ អក្សរសាស្រ្ត វប្បធម៌យើង មានឥទ្ធិពលផ្សព្វផ្សាយជ្រួតជ្រាបដល់ប្រទេសជិតខាងយកទៅប្រើប្រាស់ ដូចនេះ បើបានផ្សព្វផ្សាយទៅកាន់ពិភពលោកទៀត កាន់តែល្អប្រពៃ ៕ ប្រភព៖ ពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា- BEC